ទឹកត្នោតជូរខ្មែរយើង ក៏មានប្រយោជន៍ដែរតើ!

ក្រៅពីការទទួលទានទឹកត្នោតខ្មែរស្រស់ៗ ខ្មែរយើងក៏និយមយកទឹកត្នោតផ្អែមស្រស់ៗមកផលិតជាទឹកត្នោតជូរសម្រាប់ការទទួលទានជំនួសឱ្យគ្រឿងស្រវឹងដូចជាស្រា និងបៀរជាដើមផងដែរ។

ទឹកត្នោតជូរ ត្រូវបានគេដឹងថា ផ្ទុកដោយជាតិស្ករ ប្រូតេអ៊ីន កាបូហាយដ្រាត(Carbohydrate) អាមីណូអាស៊ីត (Amino Acid) វីតាមីន C មេដំបែ (Yeast) ប៉ូតាស្យូម ស័ង្កសី ម៉ាញ៉េស្យូម ជាតិដែក វីតាមីន B1, B2, B3 និង B6 ដែលសុទ្ធតែមានប្រយោជន៍ចំពោះសុខភាពដែលអ្នកមិនធ្លាប់បានដឹង។

ដូច្នេះមកតាមដានទាំងអស់គ្នា ថាតើទឹកត្នោតជូរមានប្រយោជន៍អ្វីខ្លះចំពោះសុខភាព និងសម្រស់៖

១. ជំនួយកែវភ្នែក

ទឹកត្នោតជូរមានផ្ទុកទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C (Ascobic Acid) វីតាមីន B1 (Thiamine) និងសារធាតុសំខាន់ៗជាច្រើនទៀត ដែលមានលទ្ធភាពអាចជំនួយគ្រាប់ភ្នែកឱ្យមានភ្លឺថ្លា និងចៀសឆ្ងាយពីជំងឺទាក់ទងនឹងក្រសែភ្នែកផ្សេងៗ។

២.កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ការទទួលទានទឹកត្នោតជូរក្នុងបរិមាណសមល្មម អាចជួយកាត់បន្ថយរាល់បញ្ហាទាក់ទងនឹងជំងឺបេះដូង ដូចជាជំងឺគាំងបេះដូង ខ្សោយបេះដូង និងជំងឺសរសៃឈាមបេះដូងជាដើម។ ម្យ៉ាងវិញទៀត ជាតិប៉ូតាស្យូម ដែលមាននៅក្នុងទឹកត្នោតជូរ ក៏អាចជួយបង្កើនមុខងារបេះដូងឱ្យមានសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃជំងឺឡើងសម្ពាធឈាមផងដែរ។

# កំណត់ចំណាំ 

ការទទួលទានទឹកត្នោតជូរក្នុងបរិមាណសមល្មម និងផលិតចេញពីធម្មជាតិគ្មានលាយជាតិគីមី ​ឬមេស្រា អាចផ្តល់គុណប្រយោជន៍ច្រើនបែបនេះក្តី ប៉ុន្តែមិនខុសពីគ្រឿងស្រវឹងដទៃទៀត ទឹកត្នោតជូរក៏មានផលប៉ះពាល់មួយចំនួនផងដែរសម្រាប់សុខភាពប្រសិនជាអ្នកទទួលទានវាច្រើនពេកដូចជា៖

– អាចធ្វើឱ្យខូចខាតថ្លើម
– ប៉ះពាល់ដល់សុខភាពស្ត្រីដែលកំពុងតែមានផ្ទៃពោះ និងទារកក្នុងផ្ទៃ
– ទទួលទានតិចតួចជួយបន្ថយសម្ពាធឈាម តែការទទួលទានច្រើនពេកអាចបង្កើនហានិភ័យនៃការកើតជំងឺលើសឈាមទៅវិញ
– ធ្វើឱ្យប្រព័ន្ធកោសិកាខួរក្បាល និងសរសៃប្រសាទធ្លាក់ចុះ ថែមទាំងធ្វើឱ្យសាច់ដុំទន់ខ្សោយ៕  

Published by Van tha

i love this

Leave a comment

Design a site like this with WordPress.com
Get started